បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក
បំពង់បង្ហូរឧស្ម័នត្រនអាឡាស្កា លាតសន្ធឹងប្រវែង៨០០ម៉ាយ កាត់តាមរដ្ឋអាឡាស្កា ហើយដោយសារតែគេសង់វា កាត់តាមតំបន់មានរញ្ជួយដី វិស្វករត្រូវតែប្រាកដថា បំពង់នេះអាចទប់ទល់នឹងការរញ្ជួយបាន។ ពួកគេត្រូវសង់បណ្តាញរំអិលថេឡុនដើម្បីកាត់បន្ថយរំញ័រ ពេលមានការរញ្ជួយនៅក្រោមបំពង់។ វិស្វករសប្បាយចិត្តណាស់ ពេលធ្វើការសាកល្បងលើកទីមួយបានជោគជ័យ។ កាលពីឆ្នាំ២០០២ មានការរញ្ជួយដីធំមួយកើតឡើង បណ្តាលអោយស្រទាប់ដីញែក១៨ហ្វ៊ីត។ ពេលនោះបណ្តាញរំអិលធ្វើចលនាយឺតៗ សម្របតាមការរញ្ជួយ ដោយមិនបណ្តាលអោយមានការខូចខាតដល់បំពង់ឡើយ។ ចំនុចពិសេសរបស់វា គឺការបត់បែន។
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នកជឿដែលនាំទៅរកស្ថានសួគ៌ បានសង់គ្រឹះយ៉ាងមាំនៅលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ បើយើងចេះបត់បែនតាមរបៀបដែលព្រះជាម្ចាស់ធ្វើការ យើងអាចឆ្លងកាត់បញ្ហាបាន។ នៅពេលមានវិបត្តិកើតឡើង យើងយល់ច្រឡំដោយផ្លាស់ប្តូរពីការទុកចិត្តលើព្រះជាម្ចាស់ មកមើលកាលៈទេសៈឈឺចាប់វិញ ។ យើងគួរតែអធិស្ឋានបែបនេះវិញ៖ «ព្រះអង្គអើយ ខ្ញុំមិនយល់សោះថាតើហេតុអ្វីបានជាមានការឈឺចាប់កើតឡើង ចំពោះរូបខ្ញុំ តែខ្ញុំទុកចិត្តថា ទ្រង់អាចរំដោះខ្ញុំចេញពីបញ្ហាបាន ទោះជាបញ្ហានៅជុំជិតខ្ញុំក៏ដោយ»។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានសរសេរថា៖ «ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់...ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ»(ទំនុកដំកើង ៥៧:១)។
ពេលផែនដីរំកិលនៅក្រោមយើង ចូរយើងចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែចូរទុកចិត្តលើសេចក្តីស្រឡាញ់ និងការថែទាំដែលគ្មានការប្រែប្រួលរបស់ព្រះជាម្ចាស់វិញ Dennis Fisher ។
រឿងនិទានពីរក្នុងទីក្រុងតែមួយ
បទគម្ពីរយ៉ូណាសអាចដកស្រង់ចេញខ្សែវីដេអូមួយរឿងបាន។ សាច់រឿងនេះស្តីអំពីហោរាម្នាក់រត់គេចពីព្រះជាម្ចាស់ រួចត្រូវព្យុះបក់បោកប៉ះ ហើយត្រីធំក៏លេបគាត់ចូលក្នុងពោះទៀត តែព្រះជាម្ចាស់បានទុកជីវិតគាត់ គាត់នាំប្រជាជននៅក្នុងទីក្រុងមួយប្រែចិត្ត។
តែសាច់រឿងបន្តទៀតនៅក្នុងគម្ពីរណាហ៊ុម មិនសូវមានគេស្គាល់ទេ។ លោកណាហ៊ុមបំពេញព័ន្ធកិច្ចនៅក្រុងនីនីវ៉េ គឺដូចជាលោកយ៉ូណាសដែរ ប្រហែលជា១០០ឆ្នាំក្រោយមក។ ពេលនោះប្រជាជនក្រុងនីនីវ៉េមិនខ្វល់ពីការប្រែចិត្តឡើយ ហេតុដូច្នេះហើយ លោកណាហ៊ុមបានថ្កោលទោសពួកគេ ហើយប្រកាសពីការជំនុំជំរះទីក្រុងនោះ។
ចំពោះអ្នកក្រុងដែលមិនប្រែចិត្ត លោកប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ» (ណាហ៊ុម ១:៣)។ ទោះជាយ៉ាងនេះក្តី ក៏លោកបានប្រកាសព្រះរាជសារពេញដោយក្តីមេត្តា។ ដើម្បីលួងលោមចិត្តជនជាតិយូដា លោកបានប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» (ណាហ៊ុម១:៧)។
តាមរយៈរឿងរបស់លោកយ៉ូណាស និងណាហ៊ុម យើងបានឃើញមនុស្សជំនាន់ថ្មីកើតឡើង ហើយពួកគេបានឆ្លើយតបចំពោះព្រះជាម្ចាស់។ ជីវិតខាងវិញ្ញាណរបស់មនុស្សម្នាក់មិនអាចផ្ទេរទៅមនុស្សម្នាក់ទៀតបានទេ យើងត្រូវតែជ្រើសរើសបម្រើព្រះជាម្ចាស់ចេញពីដួងចិត្តយើងផ្ទាល់។ ព្រះបន្ទូលទ្រង់នៅតែថ្មីស្រស់នៅថ្ងៃនេះ ដូចជារាប់រយឆ្នំាមុនដែរ ដូចជាការជំនុំជំរះពួកមនុស្សមិនប្រែចិត្ត តែទ្រង់មានក្តីមេត្តាចំពោះពួកមនុស្សប្រែចិត្ត។ តែអ្នកនឹងរើសយកមួយណា? Dennis Fisher